សិក្ខាសាលាស្តីពី “ការបូកសរុបលទ្ធផល Ed-Tech ប្រចាំឆ្នាំ និងកែលម្អ Ed-Tech Technical Proposal”
សិក្ខាសាលាស្តីពី “ការបូកសរុបលទ្ធផល Ed-Tech ប្រចាំឆ្នាំ និងកែលម្អ Ed-Tech Technical Proposal”
កំពត៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី “ការបូកសរុបលទ្ធផល Ed-Tech ប្រចាំឆ្នាំ និងកែលម្អ Ed-Tech Technical Proposal” ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិតឈុន ហុក សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តំណាងឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំគម្រោងកែលម្អការអប់រំចំណេះទូទៅ ក្នុងនោះមានលោកបណ្ឌិតសំអោ អង្គារតន៍ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងជាអនុប្រធានគម្រោង GEIP លោក ព្រីង មរកត អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ លោក ស សុភាព ប្រធាននាយកដ្ឋានពិនិត្យតាមដាននិងវាយតម្លៃ លោក កែវ ណូរិន តំណាងក្រុមការងារនាយកដ្ឋានអប់រំបឋមសិក្សា លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក លោកស្រី ក្រុមការងារពាក់ព័ន្ធ សរុបចំនួនប្រមាណ ៧៥នាក់។
សិក្ខាសាលានេះមានគោលបំណងអភិវឌ្ឍបន្ត App GEIP EdTech ដែលផ្តល់ហិរញ្ញប្បទានដោយគម្រោងកែលម្អការអប់រំចំណេះទូទៅ ក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីទូរសព្ទដៃ GEIP EdTech សម្រាប់សិស្សអាចស្វ័យសិក្សាលើសន្លឹកកិច្ចការ ពីថ្នាក់ទី៣ដល់ថ្នាក់ទី១២និងប្រើប្រាស់សន្លឹកកិច្ចការកម្រិតជាតិ&អន្តរជាតិ ព្រមទាំងមុខងារការប្រឡងសំណួរតេស្តកម្រិត PISA និង SEA-PLM ដើម្បីជាជំនួយដល់ការបង្រៀននិងការរៀនតាមរយៈវេទិកាឌីជីថល។ នៅក្នុងកម្មវិធី GEIP EdTech មាន សំណួរតេស្តនៅក្នុង App សរុបចំនួន ៤៦ ២១៥ សំណួរនិងចំនួនមេរៀនសរុបនៅក្នុង Appមាន ២ ៣៧២ មេរៀន។បន្ថែមពីនេះកម្មវិធីបច្ចុប្បន្នមានចំនួនសិស្សសិក្សាដោយប្រើប្រាស់ APPសរុបមានចំនួន ៥៥ ៩៤០នាក់។
មុខងារសម្រាប់សំណួរតេស្តកម្រិត PISA និង SEAP-LM នៅក្នុងកម្មវិធី GEIP EdTech ចំនួន៩៩០ សំណួរចម្លើយដែល កំពុងតែអភិវឌ្ឍន៍និងជាវិញ្ញាសាតេស្តសម្រាប់ វាស់វែង ការគិត ការវិភាគ ការដោះស្រាយបញ្ហា និង ការប្រើប្រាស់ចំណេះដឹងក្នុងជីវិតពិត ជាពិសេសនៅក្នុងមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។
តេស្តអន្តរជាតិសម្រាប់ PISA និង SEA-PLM មានសារៈសំខាន់ចំពោះការអប់រំក្នុងបរិបទកម្ពុជា៖
-ជួយឱ្យសិស្សស្គាល់ស្តង់ដារអន្តរជាតិ និងគិតស៊ីជម្រៅក្នុងការវិភាគដោះស្រាយបញ្ហា។
-ជាឧបករណ៍វាស់វែងដើម្បីកែលម្អលទ្ធផលសិក្សានិងផ្តល់ដំណោះស្រាយសម្រាប់គោលនយោបាយអប់រំ។
-ជួយជំរុញសិស្សានុសិស្សចូលប្រកួតប្រជែងជាសកលនិងរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំកម្ពុជាឱ្យស្មើស្ដង់ដារអន្តរជាតិ៕
១៦ ធ្នូ ២០២៤ | ខេត្តកំពត
គម្រោងកែលម្អការអប់រំចំណេះទូទៅ
មហាវិទ្យាល័យអប់រំ